រឿង មេក្រុមបាល់ទាត់
មេក្រុមបាល់ទាត់
មានកុមារម្នាក់ ស្រក់ទឹកភ្នែកយំង៉ក់ៗ អង្គុយក្រៅវង់ មើលគេលេងបាល់ទាត់។ មេក្រុមបាល់ទាត់ម្នាក់ បានឃើញហើយ ក៏គិតនៅក្នុងចិត្តថា ៖
- យីអើ! គេនាំគ្នាលេងបាល់យ៉ាងសប្បាយ ក្មេងនេះគិតតែពីអង្គុយយំទៅវិញ ចំជាក្មេងរករឿងមែន!
មេក្រុមនោះគិតដូច្នេះហើយ ក៏ដើរហួសទៅ។ មេក្រុមមួយទៀតដើរមកដល់ ឃើញក្មេងប្រុសនោះយំ ក៏ស្រែកសម្លុតថា៖
- ន៎ែ! នេះជាកន្លែងលេងបាល់ មកយំអីវើយ! ឆាប់ទៅផ្ទះ អោយម៉ែឯងលួងវិញទៅ!
ក្មេងនោះ នៅស្ងៀម មិនឆ្លើយអ្វីទេ តែក៏មិនងើបអ្វីដែរ។ មេក្រុមនោះ ក៏ដើរហួសទៅ។ រំពេចនោះ មានមេក្រុមទីបី ដើរមកដល់ ឃើញហើយ ក៏សួរថា៖
- ប្អូនហ្អា៎! នរណាគេធ្វើបាបប្អូនរឿងអី បានជាមកសម្រក់ទឹកភ្នែកនៅទីនេះ?
ស្រាប់តែក្មេងនោះជូតទឹកភ្នែក ហើយឆ្លើយថា៖
- ខ្ញុំជាក្មេងលេងបាល់នៅក្រុមមួយនឹងគេដែរ តែគេដេញខ្ញុំចេញ ហើយគេដាក់ពួកម៉ាកគេពីសាលាចូលជំនួសវិញ។
- អូហ៍អញ្ចឹងទេ! ដូច្នេះ ប្អូនចូលលេងជាមួយក្រុមរបស់បងក៏បាន អោយសប្បាយទាំងអស់គ្នា! ចាំបងដាក់វេនគ្នាលេងវិញ កុំអោយដណ្តើមគ្នាដូច្នេះទៀត! ឈប់យំទៅប្អូន!! ម៉ោះ!ទៅលេងបាល់។
កុមារនោះឮហើយ យកដៃជូតទឹកភ្នែក រួចសើចគ្រហាញតែម្តង៖
- បាទបង!! អរគុណបងខ្លាំងណាស់!!
----------------------------------------------
គតិរឿង៖
១- ការតាំងខ្លួនកាត់ក្តីអ្នកដទៃ មុនដឹងរឿង មិនអាចជួយសម្រាលអ្វី បានឡើយ។
២- ការដាក់វេនគ្នា លេងកីឡា ជាមូលដ្ឋាននាំអោយ ក្មេងមានឱកាសលេង សប្បាយបានទាំងអស់គ្នា។
៣- ការនិយមបក្សពួក ធ្វើអោយមាន សង្គមចង្អៀត លែងសប្បាយ និង ធ្វើអោយបែកបាក់សាមគ្គីភាព រវាងគ្នានិងគ្នា។
អ្នកស្រី កែវ ច័ន្ទបូរណ៍
Post a Comment