Header Ads

រឿង ផ្ទះកណ្តៀរស៊ី

ផ្ទះកណ្តៀរស៊ី 


គ្រួសារតាម៉ន រស់នៅជាមួយកូនៗ ប្អូនៗ ក្មួយៗ ចៅៗ ច្រើននាក់ ក្នុងផ្ទះឈើចាស់បុរាណមួយ សល់តកេរ ពីដូនតាទួតជីលួតជីលា ច្រើនតំណមក។ ចៃដន្យ ផ្ទះនោះ ចាស់ពេក ក៏ត្រូវកណ្តៀរស៊ី ស្ទើរតែជុំផ្ទះ តាមសសរ តាមសន្លឹកក្តារជញ្ជាំង បង់បាញ់ ប្រគៀប កន្លោង ជាដើម។ មានចៅខ្លះ ទើសចិត្ត ក៏ស្ទុះទៅរើជញ្ជាំង បបោសកណ្តៀរចេញ ហើយរកមធ្យោបាយ បំបាត់ កុំអោយ កណ្តៀរកករស៊ីក្តារផ្ទះ តទៅទៀត។ ស្រាប់តែ មាន ចៅខ្លះស្រែកវ៉ាង តវ៉ាថា ៖


- យីអានេះ! ផ្ទះនៅស្រួលសុខៗ វាទៅរើផ្ទះកកាយ អោយហុយ ខានដេកខានពួន ពិតជារំខាន ការរស់នៅមែន!!
ចៅខ្លះទៀត មិនសុខចិត្ត ក៏ជួយគំហកតបវិញ៖


- យីអើ! កណ្តៀរស៊ីពេញផ្ទះហើយ បើមិនជួសជុលកែកុន តិចពិបាក ថ្ងៃណាមួយ កណ្តៀរកកេរស៊ីឈើអស់ រលំផ្ទះសង្កត់ងាប់ទាំងអស់គ្នាទៅ។
តាម៉នឮហើយ ក៏គំហក អោយកូនបន្ថែម៖


- ន៎ែ!អាចៅ! ផ្ទះគេនៅសុខសប្បាយយូរហើយ មិនឃើញមាន បាក់សង្កត់ ក្បាលអាណា អោយងាប់ម្នាក់ផង! ហើយឯងចេះអីដែរ? មករើអីវ៉ាន់ កកាយផ្ទះ កកាយជញ្ជាំង ហុយដីលើក្បាលគេក្បាលឯង អស់សេចក្តីសុខនិងរបៀបរៀបរយក្នុងផ្ទះ អោយរលីងតែម្តង! បានតែទាត់អោយបាក់កទេវើយ!!


ចៅៗទាំងអស់ខ្លាចតាម៉ន ទាត់បាក់ក ក៏សុខចិត្តនៅស្ងៀម លែងហ៊ាន រើក្តារផ្ទះជួសជុល ទុកអោយកណ្តៀរស៊ី តទៅទៀត។ មានចៅមួយរអ៊ូថា ៖


- ខ្ញុំចាំតែមើលទេ!! ចាស់ៗដូចស្តេចអញ្ចឹង និយាយអីធ្វើអី ត្រូវតែទាំងអស់ហ្នឹង មិនចេះខុសទេ កុំទៅរិះគន់អី នាំតែឈឺខ្លួនទទេៗ ប៉ុន្តែថ្ងៃណាដែលផ្ទះរលំសង្កត់ ថ្ងៃនោះគង់តែតានឹងដឹងខ្លួនមិនខាន!!!


ចៅទីពីរ មានយោបល់ថា ៖


- ខ្ញុំមិននៅផ្ទះនេះទៀតទេ ខ្លាចផ្ទះរលំសង្កត់។ ខ្ញុំទៅនៅកន្លែងផ្សេងហើយ។


ចៅទីបី មានយោបល់ផ្សេង៖


- ឈើចាស់បុរាណល្អយ៉ាងហ្នឹង កណ្តៀរឯណាមកស៊ី អោយរលំងាយៗនោះ?


ចៅទីបួន បន្ថែមថា ៖


- ទុកអោយផ្ទះរលំទៅ ស្រួលអាលរើចោល សង់ថ្មី បានផ្ទះថ្មីនៅ ល្អជាង។


ចៅទីប្រាំ និយាយថា ៖


- យើងជាចៅល្អ ត្រូវស្តាប់បង្គាប់តា កុំបាត់តវ៉ាអីច្រើន តាថាម៉េច យើងធ្វើអញ្ចឹងទៅ កុំអោយដើរខុស គន្លងអប់រំរបស់គាត់ ព្រោះយើង ជាចៅល្អស្រាប់ទៅហើយ ប្រយ័ត្នខូចឈ្មោះ។



ហើយសត្វកណ្តៀរទាំងឡាយ ក៏នាំគ្នាបន្តនាទី ចូលកកេរស៊ី ផ្ទះកេរពុកម៉ែដូនតា ជីទួតជីលួតជីលាខេមរា ជារៀងរាល់ថ្ងៃ តទៅទៀត យ៉ាងគឃ្លើន ដោយពុំមានខ្លាចរអារ។





អ្នកស្រី កែវ ច័ន្ទបូរណ៍

No comments