Header Ads

រឿង ពាក្យសន្យារវាងក្អាត់និងដង្កូវ



មានកូនដង្កូវ​ញីមួយ​កំពុង​នៅលើស្លឹកឈើ​ដែលមាន​មែក​ទោរ​ទៅ​រក​ទឹក​បឹងមួយ។ ចៃដន់កូនដង្កូវ​ញី​បាន​ប្រទះ​ភ្នែក​នឹង​កូន​ក្អាត់​ឈ្មោល​មួយ​ដែល​ នៅក្បែរ​នោះ។ ពួក​គេ​បាន​សំលឹង​មើល​មុខ​គ្នា​ដោយ​ភ្នែក​ដ៏​តូចៗ​របស់​គេ ហើយ​ពួកគេក៏​ចាប់​ចិត្ត​ប្រតិព័ទ្ធ​លើគ្នា​ទៅ​វិញ​ទៅ​មក។ ក្នុង​ក្រសែ​ភ្នែក​របស់កូនក្អាត់ កូនដង្កូវ​នោះ​ប្រៀបដូច​ជា​ឥន្ធនូដែល​មាន​ពណ៌​ល្អ​គ្មាន​ពីរ។ សំរាប់​ដង្កូវ កូន​ក្អាត់​ប្រៀប​ដូច​ជា​គ្រាប់​អង្កាំ​ពណ៌​ខ្មៅ​ដ៏​ប្រណីត។

ដង្កូវ​៖ ខ្ញុំ​ពេញ​ចិត្ត​រូបអ្នកទាំង​អស់ សូមអ្នក​កុំ​ប្រែប្រួលអោយ​សោះ!

ក្អាត់៖ ខ្ញុំ​សន្យា

……….

មួយ​រយៈក្រោយមក​ក្អាត់ក៏មក​ជួប​នឹង​ដង្កូវ​​សារ​ជា​ថ្មី។ តែ​ពេល​នេះ​ក្អាត់​បាន​ដុះ​ជើង​ក្រោយ​២។ ដង្កូវ​បាន​ឃើញ​ក្អាត់​ដូច្នោះ ស្រែក​យំ​យ៉ាង​ខ្លាំង ដោយ​ខឹង​នឹង​ក្អាត់​ថា​មិន​គោរព​សន្យា។

ក្អាត់៖អោយ​ខ្ញុំ​សូមទោសផង​ចុះ ខ្ញុំ​មិន​ចង់​បាន​ជើង​ទាំង​ពីរ​នេះ​ទេ! អ្វីដែល​ខ្ញុំ​ចង់​បាន​គឺ​ឥន្ធនូដ៏ស្រស់ស្អាត​របស់​ខ្ញុំ!

ដង្កូវ​៖ អ្វី​ដែល​ខ្ញុំ​ចង់​បាន​គឺគ្រាប់​អង្កាំ​ពណ៌​ខ្មៅ​រលោង​របស់​ខ្ញុំ។ សន្យា​មក​ថា​អ្នក​នឹង​មិន​ប្រែប្រួល​ទៀតទេ!

ក្អាត់៖…ខ្ញុំសន្យា!

……….

ប៉ុន្តែមិន​ដូច​ដែល​គេ​បាន​សន្យា​ឡើយ កូន​ក្អាត់មក​ជួប​ដង្កួវ​លើក​នេះ មាន​ដុះ​ដៃ​២​ថែម​ទៀត។ ដង្កូវ​ស្រែក​យំខ្លាំង​ជា​មុន​ទៅ​ទៀត។

ដង្កូវ​៖ អ្វី​ដែល​ខ្ញុំ​ចង់​បាន​គឺគ្រាប់​អង្កាំ​ពណ៌​ខ្មៅ​រលោង​របស់​ខ្ញុំ។ ខ្ញុំទុក​ឱកាស​អោយ​ជាលើកចុង​ក្រោយម្តង​ទៀត! សន្យា​មក​ថា​អ្នក​នឹង​មិន​ប្រែប្រួល​ទៀតទេ!

ក្អាត់៖ អោយ​ខ្ញុំ​សូមទោសផង​ចុះ! …ខ្ញុំសន្យា!

……….

លើកនេះ​ក្អាត់​ក៏​ជ្រុះ​កន្ទុយ​បាត់​។

ដង្កូវ​៖ នេះ​ជា​លើក​ទី​៣​ហើយ​ដែល​អ្នក​មិន​គោរព​ពាក្យសន្យា។ អ្នក​មិន​ទុក​ខ្ញុំ​នៅក្នុង​បេះ​ដូងឡើយ។ អ្នក​ធ្វើ​អោយ​ខ្ញុំ​ខក​ចិត្ត​ខ្លាំង​ណាស់!

ក្អាត់៖ ខ្ញុំ​មិន​ចង់​ធ្វើដូច្នេះ​ទេ។ នេះ​ជា​ធម្មជាតិ! អ្នក​នៅ​តែ​ជា​ឥន្ធនូដ៏ស្រស់ស្អាត​សំរាប់​ខ្ញុំដដែល!

ដង្កូវ​៖ តែ​អ្នកមិន​មែន​ជា​គ្រាប់​អង្កាំ​ពណ៌​ខ្មៅ​រលោង​របស់​ខ្ញុំទៀត​ទេ! លាហើយ!

ដង្កូវ​វារចេញទៅ​ សម្ងំ​យំរហូតដល់យប់ ហើយ​ក៏​ដេក​លង់លក់​ទៅ។ នៅពេលដែល​គេ​ភ្ញាក់​ឡើង អ្វីៗ​ដែល​នៅ​ជុំ​វិញ​ខ្លួន​គេ​ហាក់ប្រែ​ប្រួល​ទាំង​អស់។ ខ្លួន​បែ​រ​ជា​មាន​ស្លាប​ក្លាយ​ទៅ​ជា​មេអំបៅ។ មេឃ​ក៏ប្រែ​ប្រួល​ ដើម​ឈើក៏ប្រែ​ប្រួល​ អ្វីៗ​ទាំង​អស់គឺប្រែ​ប្រួល ​លើកលែង​តែ​ស្នេហា​របស់​គេ​ចំពោះ​កូន​ក្អាត់។ ដង្កូវ​ក៏​សំរេច​ចិត្ត​មក​សូម​ទោស​ក្អាត់​វិញដែល​នាង​ចោទ​ថា​មិន​គោរព​សន្យា។


នាងហោះ​ហើរ​ស្វែង​រក​កូន​ក្អាត់។ ពេល​នោះ​នាង​បាន​ឃើញ​​កង្កែប នាងក៏​ហើរ​មក​ក្បែរ ហើយ​សួរ​ថា៖

តើអ្នក​មាន​បាន​ឃើញ​គ្រាប់​អង្កាំ​ខ្មៅ​របស់​ខ្ញុំ​ទេ?

No comments